ព័តមានទាន់ហេតុការណ៍
Search

កីឡាករ មឿន សុខហ៊ុច បារម្ភរឿងបំណុលធនាគារព្រោតែ…

76

(ភ្នំពេញ)៖ លោកឧកញ៉ា ស្រី ចាន់ថន ដែលគេស្គាល់ថាជា បងធម៌របស់កីឡាករប្រដាល់ មឿន សុខហ៊ុច បានប្រកាសរ៉ាប់រងទាំងស្រុងលើថ្លៃព្យាបាលរបួ សបាក់ឆ្អឹងជើងរបស់អ្នកលេងគុនខ្មែររូបនេះ បន្ទាប់ពីរបួសអំឡុងពេលប្រកួតទល់នឹងកីឡាករ ឡុង សំណាង ដោយចាញ់ត្រឹមទឹកទី៣ លើស្វៀន CNC កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ កន្លងទៅ។

អគ្គនាយកក្រុមហ៊ុន Jet Group ខាងលើបានបង្ហោះសារលើទំព័រហ្វេសប៊ុកឈ្មោះ Jet Man ថា «ប្អូន មឿន សុខហ៊ុច រងរបួសបាក់ជើង ព្រមទាំងជំពាក់ធនាគារទៀត បងនឹងរ៉ាប់រងចេញថ្លៃព្យាបាលទាំងអស់ដល់ប្អូន»។ សារនេះត្រូវបានបង្ហោះ ក្រោយលោកទាក់ទងទៅកីឡាករ មឿន សុខហ៊ុច ផ្ទាល់កាលពីព្រឹកមិញ។

កីឡាករ មឿន សុខហ៊ុច បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារនេះ លោកឧកញ៉ា ស្រី ចាន់ថន បានខលមកសួរសុខទុក្ខខ្លួន ដោយបានសួរនាំពីរបួស និងបំណុលដែលខ្លួនបានជំពាក់ធនាគារ។ សុខហ៊ុច បានថ្លែងអំណរគុណចំពោះសប្បុរសជន បានជួយថ្លៃព្យាបាលរបួសបាក់ឆ្អឹងជើង តែគេក៏មានការបារម្ភខ្លាំង ជុំវិញបំណុលធនាគារដែរ ព្រោះត្រូវបង់រំលស់រៀងរាល់ខែ។

អតីតម្ចាស់ខ្សែក្រវាត់ប្រាក់ Max Muay Thai បន្ដថា បច្ចុប្បន្នខ្លួនជំពាក់ធនាគារជាង ៣ម៉ឺនដុល្លារ (ខ្ចីទិញផ្ទះតម្លៃជាង ៥ម៉ឺនដុល្លារ) តែដោយរបួសបាក់ឆ្អឹងជើង ត្រូវសម្រាកយ៉ាងហោច ៧ខែ ធ្វើឲ្យគេជួបការលំបាក ព្រោះខ្វះខាតថវិកាបង់ធនាគារ ដ្បិតកន្លងមកពឹងផ្អែកលើអាជីពប្រដាល់តែមួយប៉ុណ្ណោះ។ ដូច្នេះគេសង្ឃឹមថា នឹងមានសប្បុរសជនជួយ ដើម្បីសម្រួលការខ្វះខាត អំឡុងពេលសម្រាកព្យាបាលរបួសនេះ៕ ប្រភព: Fresh News