ព័តមានទាន់ហេតុការណ៍
Search

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក កឹម សុខា បានធ្វើ​ដំណើរទៅ…

58


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក កឹម សុខា បានធ្វើ​ដំណើរទៅ​កាន់​ខេត្ត​បន្ទាយមាន​ជ័យ​នៅថ្ងៃអង្គារនេះ​ដើម្បីចែក​អំណោយ និងស្បៀងអាហារ​ដល់ប្រជាជនរងគ្រោះនៅខេត្តជាប់​ព្រំដែន​ថៃមួយនេះ។ការធ្វើដំណើរ​ព្រមៗគ្នារបស់​ប្រមុខរដ្ឋាភិបាល និងប្រមុខអតីតបក្សប្រឆាំងនៅពេលនេះ គឺនៅគ្រាដែល​ទឹកជំនន់​កំពុង​វាយលុក​ខេត្តបន្ទាយមានជ័យជាលើកទី២​ ដោយសារតែបាក់ទំនប់អូខៃដន ក្នុង​ក្រុង​ប៉ោយ​ប៉ែត ដែល​ធ្វើ​ឲ្យ​ប្រជាជន​ប្រមាណ​២ម៉ឺន​គ្រួសារ​រង​ផល​ប៉ះពាល់។

លោក កឹម សុខា បានទៅដល់ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យនៅថ្ងៃទី២០តុលា ដោយ​ចែកអំណោយ​ដល់ប្រជាជនប្រមាណ២០០គ្រួសារនៅសង្កាត់ព្រះពន្លា។ នេះជាលើកទី២ហើយ​ដែល​ប្រមុខ​អតីតបក្សប្រឆាំងរូបនេះ ធ្វើដំណើរទៅដល់ខេត្តជាប់ព្រំដែនថៃ គឺបន្ទាប់ពីគម្រោងទៅចែកអំណោយ កាលពីថ្ងៃទី១៥​តុលា​ក្នុង​ឃុំចំណោម​ស្រុក​មង្គលបុរី​ត្រូវបានខនខានដោយសារអាជ្ញាធរមូលដ្ឋានរារាំង។

ដោយទំនងសំដៅដល់ការរារាំងកាលពីលើកមុននោះ លោក កឹម សុខា បានលើកជាល្បះមួយឃ្លាថា«ទៅហើយមកវិញៗ ដោយសារតែបងប្អូន រងគ្រោះព្រោះទឹកជំនន់»។បើតាមលោក កឹម សុខា «អ្វីដែលជាកុសល យើងគួររួមគ្នាធ្វើ អ្វីដែលជាជម្លោះ យើងគួរនាំគ្នាជម្រុះ ទើបមានកិត្តិយស ជាតិយើងរឹងមាំ»។

ចំណែក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២០តុលានេះ​ លោកបានធ្វើដំណើរទៅកាន់​ខេត្ត​បន្ទាយមានជ័យផងដែរ តែលោកត្រូវចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាជនប្រមាណ២ម៉ឺនគ្រួ​សារ​ដែលរងគ្រោះដោយជំនន់នោះ នៅថ្ងៃទី២១និងថ្ងៃ២២ខែតុលាឆ្នាំ២០២០។

បើតាម លោក ហ៊ុន សែន ខេត្តបន្ទាយមានជ័យ គឺជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផងនិងស្តារឡើងវិញក្រោយទឹកជំនន់ផង។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យបានរងគ្រោះដោយសារទឹក​ជំនន់ជាលើកទី២ហើយ នៅឆ្នាំនេះ ខណៈមានការបាក់ទំនប់ អាងទឹក អូខៃដន ក្នុងក្រុងប៉ោយប៉ែត នៅយប់ថ្ងៃទី១៩ឈានចូល​ថ្ងៃទី​២០​តុលា​ បណ្ដាលឱ្យ​ទឹក​ហូរ​កាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​កូនដំរី ហើយ​ភូមិ​មួយចំនួន ក្នុង​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ត្រូវបានទឹកជំនន់លិច៕ ប្រភព: RFI