ព័ត៌មានទាន់ហេតុការណ៍

តោះទៅលេងទឹកជ្រោះព្រះនិម្មិតជាមួយមហាខ្មែរ! តំបន់ទឹកធ្លាក់ព្រះនិមិ្មត ជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតគ្រប់រដូវ

262

តំបន់អេកូទេសចរណ៍ទឹកធ្លាក់ព្រះនិមិ្មត ជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតគ្រប់រដូវកាល ដោយអាចនិយាយបានថា គឺជាឋានសួគ៌ប៉ែកឦសានរបស់ប្រទេសកម្ពុជា ដែលកំពុងរង់ចាំស្វាគមន៍ភ្ញៀវទេសចរមិនថារដូវប្រាំងឬរដូវវស្សានោះឡើយ ។

លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានមានប្រសាសន៍ថា ទឹកធ្លាក់ព្រះនិមិ្មត មានរំលេចនូវទស្សនីយភាព ដ៏ស្រស់ត្រកាលនៃធម្មជាតិ អមជាមួយនឹងបរិយាកាសបរិសុទ្ធ សំឡេងទឹកធ្លាក់ សត្វយំរងំ ដែលបានក្លាយជាទីចាប់អារម្មណ៍ របស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ លោកបន្តថា អាជ្ញាធរខេត្តក៏ដូចជាអាជីវករ បានរៀបចំឱ្យមានបម្រើសេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព មានអនាម័យបរិស្ថានល្អ ដើម្បីទាក់ទាញភ្ញៀវមកលេងបានសប្បាយរីករាយប្រកបដោយសុវត្ថិភាព ស្នាក់នៅបានយូរ ហើយមកម្តងហើយចង់មកម្តងទៀត។

លោកបានបន្តទៀតថា ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២០នេះ មានភ្ញៀវទេសចរជាតិចំនួន៦៣,១៩៩នាក់ និងភ្ញៀវអន្តរជាតិ៦១៨នាក់បានមកកម្សាន្ត ដែលអាចបញ្ជាក់បានថា ទឹកធ្លាក់ព្រះនិមិ្មត នៅតែជាទីទាក់ទាញខ្លាំងបំផុត ក្នុងចំណោមរមណីយដ្ឋានធំៗទាំង៥ក្នុងខេត្ត ព្រះវិហារ។

សំឡេង ៖« គោលដៅទឹកធ្លាក់ព្រះនិម្មិតនេះ គឺជារមណីយដ្ឋានដែលភ្ញៀវទេសចរជាតិនិងអន្តរជាតិអាចទៅទស្សនាកម្សាន្តបាន មិនថារដូវប្រាំងឬរដូវវស្សា ហើយក៏ជាទីតាំងដែលមានការទាក់ទាញនៃធម្មជាតិដងទន្លេមេគង្គក្នុងខេត្តព្រះវិហារ ក៏ជាខេត្តដែលមានដងទន្លេមេគង្គ អ៊ីចឹងមានន័យថា ជារមណីយដ្ឋានដែលមានភាពទាក់ទាញក្នុងការស្រូបទាញយកភ្ញៀវទេសចរជាច្រើនម៉ឺននាក់ ក្នុងមួយឆ្នាំៗ »។

សូមបញ្ជាក់ថា រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ព្រះនិម្មិត ឬទឹកជ្រោះសុភ័ក្រមិត្ត(ល្បាក់ខោន) មានទីតាំងស្ថិតនៅជាប់ ព្រំប្រទល់ខេត្តពីរ នៃព្រះរាជាណាចក្រកម្ពុជា គឺខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ហើយជាប់ព្រំប្រទល់ជាមួយខេត្តចំប៉ាសាក់ប្រទេសឡាវ ដោយមានចម្ងាយ ប្រមាណជា១០០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ៕