ព័ត៌មានទាន់ហេតុការណ៍

កក្រើកបាងកក បាតុករថៃច្រើនម៉ឺននាក់ទាមទារឲ្យលោកប្រាយុទ្ឋចេញពីអំណាច

406

ដូច​តាម​ការ​គ្រោងទុក នៅ​ថ្ងៃ​សៅរ៍​នេះ​ក្រុម​បាតុករ​ថៃ​បាន​ធ្វើការ​តវ៉ា​ទាមទារ​បណ្តេញ​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុ​ទ្ឋ ចាន់​អូ​ចា ចេញពី​តំណែង និង ធ្វើការ​កែទម្រង់​រដ្ឋធម្មនុញ្ញ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ និង​ធ្វើ​កំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ​ផង​ដែរ ។​

​បើ​តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​បរទេស ក្រុម​បាតុករ​បាន​ប្រមូលផ្តុំ​គ្នា​តាំងពី​ម៉ោងជាង​៨​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា ២០២០​នេះ ហើយ​ពួក​គេ​បាន​នាំ​គ្នា​ស្រែក និង​ខ្លះ​លើក​បដា​ដែល​មាន​ខ្លឹមសារ​ដេញ​លោក​ប្រា​យុ​ទ្ឋ និង​ទាមទារ​ឲ្យ​មានការ​កែទម្រង់​រដ្ឋធម្មនុញ្ញ ។​

​នៅ​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​សៅរ៍​ដដែល​នេះ ទោះបីជាមានភ្លៀងធ្លាក់យ៉ាងណាក្តី ក្រុម​បាតុករ​ដែល​អាជ្ញាធរ​ថៃ​ថា​មាន​ប្រមាណ​២​ម៉ឺន​នាក់ តែ​បាតុករ​ថា​ខ្លួន​អ្នកចូលរួម​ជាង​១០​ម៉ឺន​នាក់​នោះ បាន​នាំ​គ្នា​ចេញ​ដើរ​ពី​សកល​វិទ្យាល័យ​ថា​ម៉ា​សាត ដើរ​សំដៅ​ទៅ​ទីលាន សា​ណា​ម​លួង ដែល​គឺជា​ទីលាន​វាល​ព្រះ​មេរុ នៅ​ក្បែរ​ព្រះ​បរមរាជវាំង​ថៃ និង​តុលាការ​កំពូល​។​

​សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​ម៉ោង​ប្រមាណ​៥​ល្ងាច គឺ​មានការ​ប្រទាញប្រទង់​គ្នា រវាង​ក្រុម​បាតុករ និង​ប៉ូលិស​ប្រមាណ​២​ម៉ឺន​នាក់ ដោយ​ទីបំផុត ក្រុម​បាតុករ បាន​សម្រុកចូល​ទៅ​លើ​វាលស្មៅ នៃ​ទីលាន​សា​ណា​ម​លួង ដោយ​ប៉ូលិស​បាន​ដកថយ តែ​បាន​ដាក់​រនាំង​ចំងាយ​១៥០​ម៉ែត្រ មិន​ឲ្យ​បាតុករ​ចូល​ក្បែរ​របង​ព្រះ​បរមរាជវាំង​ទេ​។ ក្រុម​បាតុករ អាច​ប្រហែលជា​នៅ​ក្នុង​ទីលាន​នេះ យូរ​ម៉ោង​ក្នុង​វេលា​យប់​ថ្ងៃ​សៅរ៍​នេះ​។​

​សូម​បញ្ជាក់​ដែរ​ថា បាតុកម្ម​នៅ​ថ្ងៃ​សៅរ៍​នេះ គឺជា​បាតុកម្ម​ដ៍​ធំ​មិន​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​២០០៤ ហើយ​ចាប់តាំង​ពី​ពួក​គេ​ដែល​ភាគច្រើន​ជា​និស្សិត​និង​យុវជន​បាន​ធ្វើការ​តវ៉ា​ទាមទារ​ឲ្យ​លោក​ប្រា​យុ​ទ្ឋ ចេញពី​អំណាច និង ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​កាលពី​ខែ មិថុនា ២០២០​មក មាន​មនុស្ស​ជាង​២០​នាក់​ហើយ ត្រូវ​បាន​កងកម្លាំង​រដ្ឋាភិបាល​ចាប់ខ្លួន ។

ប្រភព​បន្ត​ថា នៅ​ថ្ងៃអាទិត្យ​ស្អែក ពួក​គេ​ក៍​នឹង​ជួបជុំ​គ្នា​តវ៉ា​ជា​ថ្មី​ទៀត​នៅ​មុខ​វិមាន​រដ្ឋាភិបាល ស្រប​ពេល​ដែល​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា បាន​ចេញ​ប្រកាស​សារ​តូច​មួយ ដោយ​បាន​លើក​ឡើង​ថា « យុវជន​ថៃ​ធ្វើ​បាតុកម្ម​ច្រើន​ស​ប្តា​ហ៍​មកនេះ គឺ​ដោយសារ​ពួក​គេ សម្លឹង​ឃើញ​អនាគត គ្មាន​ពន្លឺ គ្មាន​សិទ្ធិ​សេរីភាព​ »​ ។

តើលោកប្រាយុទ្ឋ ចាន់អូចា អាចនឹងចុះចេញតាមការទាមទាររបស់ក្រុមបាតុករដែរឬទេ ចុះបើនាយករដ្ឋមន្រ្តី​ដែល​ចេញ​ពីអំណាចយោធានេះមិនព្រមចេញ ក្រុមបាតុករនិងធ្វើអ្វីទៀត ហើយអ្វីនឹងអាចកើតឡើងអំពី​អនាគត​ប្រទេសថៃ ៕