រាជធានីភ្នំពេញ ៖ ក្រោយពីក្រសួងអប់រំ យុវជន និងកីឡា បើកការស្រាវជ្រាវ បានរកឃើញថា អ្នកគ្រូម្នាក់បង្រៀននៅសាលាបឋមសិក្សាសន្ធរម៉ុក ពិតជាបានយកលុយពីសិស្សមួយខែ៦ម៉ឺនរៀល ដូចអ្វីដែលអាណាព្យាបាលសិស្សបង្ហោះនៅលើបណ្តាញសង្គមមែន។ ជាវិធានការវិន័យអ្នកគ្រូរូបនេះ ត្រូវបានផ្លាស់ចេញពីសាលាបឋមសិក្សាសន្ធរម៉ុក ឱ្យទៅបង្រៀននៅសាលាបឋមសិក្សាសែនសុខ ក្នុងខណ្ឌសែនសុខវិញ។ តែអ្នកគ្រូនោះ នៅតែបន្តប្រព្រឹត្តខុសឆ្គងបែបនេះទៀត អាចនឹងប្រឈមចំពោះការលុបឈ្មោះចេញពីក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់បណ្តាញសារព័ត៌មានថា ក្រោមកិច្ចសហការរវាងសាលា និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានរកឃើញនូវការប្រព្រឹត្តកំហុសឆ្គងរបស់អ្នកគ្រូរូបនេះដូចនឹងអ្វីដែលអាណាព្យាបាលសិស្សបានលើកឡើងប្រាកដមែន។
ក្រោមកិច្ចសហការរវាងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងគណៈគ្រប់គ្រងសាលាបឋមសិក្សាសន្ធរម៉ុកដោះស្រាយបញ្ហាមិនប្រក្រតីខាងលើនេះ គ្រូបង្រៀនកម្រិតបឋមបម្រើការងារនៅសាលាបឋមសិក្សាសន្ធរម៉ុក ខណ្ឌទួលគោក ត្រូវបានផ្លាស់ឱ្យទៅបម្រើការងារនៅសាលាបឋមសិក្សាសែនសុខ ខណ្ឌសែនសុខ ។
អ្នកនាំពាក្យរូបនេះ បន្តថា ជាទូទៅនៅពេលមានគ្រូបង្រៀនរូបណាប្រព្រឹត្តខុសពីគោលការណ៍របស់ក្រសួងណែនាំនោះ នឹងត្រូវរងពិន័យផ្នែករដ្ឋបាលដូចជា អាចជាការស្តីបន្ទោសលាយលក្ខណ៍អក្សរ អាចជាការចុះកិច្ចសន្យាក្រោយការប្រព្រឹត្តមិនប្រក្រតី ឬមួយក៏ការផ្លាស់ប្តូរកន្លែងធ្វើ ឬអាចឈានទៅដល់លុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក រស់ សុវាចា បញ្ជាក់ថា ការផ្លាស់ប្តូរសាលាបង្រៀនជាវិធានការវិន័យធ្ងន់ធ្ងរមួយកម្រិតទៀត សម្រាប់អ្នកគ្រូបង្រៀនរូបនេះ។ បើគាត់នៅតែបន្តប្រព្រឹត្តខុសឆ្គងបែបនេះទៀត អាចនឹងប្រឈមចំពោះការលុបឈ្មោះចេញពីក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ មានគណនីហ្វេសប៊ុកឈ្មោះ Bunthoeun Ev បានបង្ហោះសារថា «កូនស្រីខ្ញុំត្រូវបានអ្នកគ្រូសាលាសន្ធរម៉ុក បណ្តេញចេញពីថ្នាក់ តាមសម្តីអ្នកគ្រូបាននិយាយថា បើមិនរៀនគួរទេ ទៅរកគ្រូរកសាលាណារៀនផ្សេងទៅ នៅសាលាសន្ធម៉ុក បើមិនរៀនគួរក៏ត្រូវបង់លុយដឹងគុណគ្រូមួយខែ ៦០០០០៛ ដែរ sic តើខ្ញុំរស់បានដល់ពេលណា បើខ្ញុំខំរកលុយអោយកូនរៀនគួរមិនបានផង»។ស្រដៀងគ្នានេះដែរ គណនីហ្វេសប៊ុកឈ្មោះ Srey Neth SreyNeth ក៏បានបង្ហោះសំណេរបញ្ជាក់បន្ថែមថា «សុំទោសទុកជាមុន បើនាងខ្ញុំpostទៅមានការប៉ះពាល់ ដោយសារករណីនេះ ស្រដៀងគ្នាជាមួយកូនខ្ញុំដែរ។
កូនប្រុសពៅខ្ញុំរៀនថ្នាក់ទី៦ នៅសាលាសន្ធរម៉ុក ដែរ គ្រូទារលុយ៦ម៉ឺនរៀល តាំងពីថ្ងៃចូលរៀនទី១ ខ្ញុំសួរថាថ្លៃអីគេអ្នកគ្រូ គាត់ថា វាជាការដឹងគុណរបស់ឪពុកម្តាយ ចំពោះគ្រូ ដែលគាត់មើលនឹងបង្រៀនកូនយើង អុញ…ខ្ញុំគាំងម៉ង ព្រោះខ្ញុំអត់ចង់និយាយច្រើនជាមួយគាត់ នៅមានច្រើនទៀត ដែលគាត់និយាយមកកាន់ខ្ញុំ អស់អារម្មណ៍គោរពអាលីង បន្ទាប់មកទៀត ទារលុយម្នាក់២ម៉ឺនរៀល ទិញកង្ហារ ហើយថ្នាក់គាត់ សិស្សសរុបជាង៣០នាក់។
ខ្ញុំសុំសួរដូចឆោត អារឿងលុយទិញកង្ហារហ្នឹង គឺទិញរាល់ឆ្នាំ ឲ្យតែពេលចូលរៀនគឺប្រមូលហើយ អត់យល់! នៅមានទៀត មិនទាន់អស់ទេ យកពីសិស្ស១ថ្ងៃ៥០០រៀលផ្សេងទៀត និងរៃលុយពីសិស្សម្នាក់៥០០រៀលរាល់មួយអាទិត្យម្តង ថ្លៃទិញទឹកជូនអ្នកគ្រូពិសារ ចា៎……នេះចូលរៀនអត់ទាន់ដល់មួយខែទេ ចាំមើលតើខែបន្ទាប់ៗនៅមានអីកើតឡើងទៀត…. ហើយសូមបញ្ជាក់ផងដែរ អា៦ម៉ឺនថ្លៃទឹកចិត្តហ្នឹង គឺជូនជារៀងរាល់ខែ ខកបានតែហាមខាន។
សុំបញ្ជាក់មួយទៀត: បើលុយរៀនគួរ ខ្ញុំមិនថាទេ ព្រោះនេះជារឿងធម្មតា ដែលគាត់បង្រៀនកូនយើងបន្ថែមក្រៅពីម៉ោងសិក្សា ជូនដោយក្តីគោរព។ លោកគ្រូអ្នកគ្រូ ប្រៀបដូចជាឪពុកម្តាយទីពីរ សូមរក្សាភាពថ្លៃថ្នូរ ដើម្បីឲ្យសិស្សដឹងគុណទៅថ្ងៃក្រោយ»។ គ្រូបង្រៀនម្នាក់ នៅសាលាបឋមសិក្សាសន្ធរម៉ុក ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា អ្នកគ្រូដែលយកលុយពីសិស្សក្នុងម្នាក់៦ម៉ឺនរៀលនោះ គឺជាគ្រូបង្រៀនសិស្សថ្នាក់ទី៦ នៃសាលាបឋមសិក្សាសន្ធរម៉ុក ៕