រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះមានការរិះគន់មួយមិនសំចៃមាត់ពីសំណាក់អ្នកលេងបណ្តាញសង្គម ក្រោយឃើញក្រុមអ្នកលក់ឡេល្បីឈ្មោះ គឺអាជី និងអាម៉ី បានថតសំដែងរឿង “ទុំទាវ 2021” និងបានយកសាសនាមកលេងសើចបែបអាសអាភាស ដែលមហាជននិយាយថាវាជាការជាន់ឈ្លីសាសនាយ៉ាងធ្ងន់ធ្ងរ និងសំណូមពរអោយក្រសួងនិងសមត្ថកិច្ចពាក់ព័ន្ធធ្វើការចាត់វិធានការទៅតាមច្បាប់។
ជាមួយគ្នានេះដែរ ក្រោយពីរឿង “ទុំទាវ 2021” បានផុសផ្សាយចេញជាផ្លូវការនោះ អ្នកលក់ឡេអនឡាញ អាជី និង អាម៉ី ក៏បានចេញវីដេអូឃ្លីបមួយបកស្រាយថា៖«តើវាខុសដែរមែនទេ ដែលគ្រាន់តែយកឡេទៅប្រគេនតេជគុណក៏មានកំហុសដែរ ឆ្ងល់ដល់ហើយតើព្រះសង្ឃអត់ចេះលាបឡេទេឬ?
មិនត្រឹមតែប៉ុណ្ណោះទេពួកគេទាំង២ បានប្រកាសទៀតថា នឹងត្រៀមចេញរឿងនេះភាគ២ទៀតផង ប្រសិនបើរឿង “ទុំទាវ 2021” មានការគាំទ្រពីសំណាក់មហាជនអ្នកទស្សនា ពួកនាងទាំង២ ក៏បានបញ្ជាក់ដល់អ្នកទស្សនាទាំងអស់ឲ្យរិះគន់ពួកគេក្នុងន័យស្ថាបនា មិនមែនរិះគន់ក្នុងន័យជេរបញ្ចោរទេ ពួកគេទាំង២ បាននិយាយសង្កត់ធ្ងន់ថា នៅក្នុងការថតវីដេអូនេះគឺពួកគេមិនបានទទួលលុយសូម្បីតែ១កាក់ ១សេន ដែលខំទាំងចំណាយពេលវេលាតាំងពីព្រឹករហូតទល់ល្ងាច បើពួកគេយកវេលាថតរឿងនេះយកទៅរកស៊ីយ៉ាងស្អុយណាស់ក៏រកបាន២ពាន់ ទៅ៣ពាន់ដុល្លារដែរ។
គួរជម្រាបដែលថា នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតអញ្ជើញម្ចាស់ Page Hokima និងអ្នកសម្តែង រឿងទុំទាវ ក្នុង Page Hokima ចូលមកបំភ្លឺ ករណីការថតកាឡៃរឿងទុំទាវ ដែលធ្វើឲ្យមានការប៉ះពាល់ដល់សាសនា វប្បធម៌ និងប្រពៃណីជាតិ។ តាមរយៈលិខិតអញ្ជើញនោះក៏បានបញ្ជាក់ដែរថា ម្ចាស់ Page Hokima និងអ្នកសម្តែង រឿងទុំទាវ ក្នុង Page Hokima ទាំងអស់ ត្រូវចូលខ្លួនមកបំភ្លឺឲ្យទាន់ពេលវេលាតាមកាលបរិច្ឆេទជាកំហិត បើពុំដូច្នោះទេ ក្រសួងនឹងបន្តនីតិវិធីចាត់វិធានការតាមផ្លូវច្បាប់ដោយការចាំបាច់ ៕
ដើម្បីកាន់តែជ្រាបច្បាស់សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖