(កណ្តាល)៖ មន្រ្តីយោធាផ្កាយ១ឈ្មោះ ហេង គាហុង ម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលបានដកកាំភ្លើងវាយក្បាលសន្តិសុខម្នាក់បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ត្រូវតុលាការខេត្តកណ្ដាល ចេញដីកាដោះលែងឲ្យនៅក្រៅឃុំ ក្រោយជននេះត្រូវបានចាប់បញ្ចូលក្នុងពន្ធនាគាររយៈពេលមិនដល់១ខែមកនោះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ លោក ថោង ផល្លារង្ស៊ី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនមន្រ្តីយោធារូបនេះ ដាក់ពន្ធនាគារក្រោយត្រូវបានចាប់ខ្លួនរឿងហិង្សាខាងលើ ក្រោមសំឡេងរិះគន់យ៉ាងខ្លាំងនៅតាមបណ្តាញសង្គម។
ចំពោះការដោះលែងនេះ លោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បានឆ្លើយប្រាប់ភ្នាក់ងារ Fresh News កាលពីល្ងាចម្សិលមិញថា លោកមិនទាន់ដឹងច្បាស់ពីព័ត៌មាននេះនៅឡើយទេ រង់ចាំឆែកមើលសិន។ ដោយឡែកលោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល បានប្រាប់អង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះថា មន្រ្តីយោធារូបនេះត្រូវបានតុលាការដោះលែងតាំងពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ មកម្ល៉េះ។
សូមរម្លឹកថា មន្រ្តីយោធាពាក់ផ្កាយ១លើស្មារូបនេះ ត្រូវបានចោទប្រកាន់ពីបទ «ប្រើប្រាស់អាវុធគ្មានខុសច្បាប់ តាមមាត្រា២០ ច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ដោយសារការប្រព្រឹត្តហិង្សា តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ក្រោយរូបគេជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នូល ខេត្តកណ្ដាលផងដែរនោះ បានដកកាំភ្លើងវាយក្បាលសន្ដិសុខ បណ្ដាលឲ្យបែកហូរឈាមកាលពីថ្ងៃទី៤ ខែមករា ដោយសារតែរឿងបាត់ស្បែកជើង។
ជនរងគ្រោះនៅក្នុងអំពើហិង្សានេះមានឈ្មោះ ច្រឹក ស៊ីណា អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដើមចមដែលនាំឲ្យ មន្ដ្រីយោធា ដកកាំភ្លើងវាយក្បាលសន្ដិសុខ បណ្ដាលឲ្យបែកដួលសន្លប់ក្នុងថ្លុកឈាមនេះ ត្រូវបានស្នងការនគរបាលខេត្តកណ្តាល បានប្រាប់ថា ផ្ដើមចេញពីរឿងបាត់ស្បែកជើងមួយគូរបស់ជនបង្ក ហើយជនបង្កហៅប្រធានសន្ដិសុខមកដោះស្រាយ តែប្រធាននោះពន្យាពេលមិនព្រមមក ទើបធ្វើឲ្យជនបង្កខឹងសម្បារតែម្ដង។
នៅមុនពេលកើតហេតុថ្ងៃទី២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៦ល្ងាច ជនរងគ្រោះបានទៅយាមជំនួសគេមួយយប់នៅគ្លីនិច សុខ ម៉េង។ នៅពេលយាមម៉ោងប្រហែល៥ទាបភ្លឺ ក៏មានមនុស្សប្រុសម្នាក់មកសួរ ជនរងគ្រោះថា ពូសន្តិសុខយាមនៅនឹងរាល់ថ្ងៃទៅណាហើយ ជនរងគ្រោះឆ្លើយថាគាត់សម្រាកមួយថ្ងៃហើយ ដោយខ្ញុំយាមជំនួសវិញ ពេលនោះមនុស្សប្រុសម្នាក់នោះបានខ្ចីលុយពីជនរងគ្រោះចំនួន ៣០០០រៀល ជនរងគ្រោះ ក៏ឲ្យលុយខ្ចីចំនួន ៣០០០រៀល ហើយមនុស្សប្រុសនោះក៏ដើរចេញទៅវិញដោយឃើញមានពាក់ស្បែកជើងចេញទៅដែរ។ លុះដល់ម៉ោង០៦ព្រឹក ទើបជនរងគ្រោះចេញទៅផ្ទះវិញទៅ។
ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៨ព្រឹក ជនសង្ស័យបានបាត់ស្បែកជើងស៊កស្បែកចំនួនមួយគូ ដែលដោះទុកនៅមាត់ទ្វារចូលគ្លីនិចរបស់ខ្លួនធ្វើការ ដោយជនសង្ស័យគិតថា បងប្អូនអ្នកជម្ងឺយកពាក់សិនទើបមិនរក។ រហូតដល់ម៉ោង ៨យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មិនឃើញស្បែកជើងទៀត ក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើល ឃើញបុរសម្នាក់បានឈរនិយាយជាមួយជនរងគ្រោះ និងហុចលុយឲ្យជនរងគ្រោះ ហើយបុរសនោះបានពាក់យក ស្បែកជើងរបស់ជនសង្ស័យដើរចេញទៅ។
បន្ទាប់ពីឆែកកាមេរ៉ាសុវត្ថិភាពហើយ ជនសង្ស័យបានទាក់ទងទៅខាងក្រុមហ៊ុនសន្តិសុខ ដើម្បីហៅជនរងគ្រោះមកជជែកគ្នាឲ្យដឹងសាច់រឿង។ រហូតដល់ថ្ងៃទី៤ ខែឆ្នាំដដែល វេលាម៉ោង ១០ព្រឹកជនសង្ស័យបានណាត់ ជាមួយក្រុមហ៊ុនសន្តិសុខឲ្យនាំជនរងគ្រោះមកជជែកគ្នានៅក្នុងគ្លីនិច តែមិនឃើញមកសោះ ទើបជនសង្ស័យខឹងក៏ជិះឡានទៅផ្ទះនៅម្ដុំផ្សារជម្ពូវ័ន រាជធានីភ្នំពេញវិញទៅ។
រហូតដល់ម៉ោង ១២រសៀលទើបក្រុមហ៊ុនសន្តិសុខទៅដល់គ្លីនិច មិនឃើញជនសង្ស័យ ក៏តេទូរស័ព្ទហៅជនសង្ស័យមកជជែកគ្នាវិញ។ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យទៅដល់គ្លីនិចវិញ ក៏ឃើញជនរងគ្រោះឈរនៅមុខ ហើយក៏យកកាំភ្លើងខ្លីពីចង្កេះខោមក វាយទៅលើជនរងគ្រោះចំក្បាលផ្នែកខាងឆ្វេង បណ្តាលឱ្យដួល ហើយជនសង្ស័យក៏ដើរចូលក្នុងគ្លីនិចបាត់ទៅ។
ជនរងគ្រោះត្រូវបានបុគ្គលិកពេទ្យយកទៅលាងរបួសនឹងដេរចំនួនបីថ្នេរ ហើយជនរងគ្រោះបានទូរស័ព្ទរាយការណ៍ឲ្យសមត្ថកិច្ច ទើបសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងតែម្ដង។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានយកកាំភ្លើងទៅវាយជនរងគ្រោះពិតមែន ដោយសារខឹងជួលឲ្យមកយាមបែរជាត្រូវគ្នាជាមួយចោរទៅវិញ។ វត្ថុតាងដែលសមត្ថកិច្ចចាប់យក អាវុធខ្លីមួយដើមម៉ាកCF98 លេខ006009 មានបង់ចំនួនមួយ និងគ្រាប់ចំនួនមួយ។
យ៉ាងណាមិញ ជុំវិញករណីអំពើហិង្សាដែលបង្កដោយមន្ដ្រីយោធាពាក់ផ្កាយមួយនេះ ត្រូវបានមហាជន ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមមានការហួសចិត្ត និងសម្ដែងនូវការខឹងសម្បារយ៉ាងខ្លាំង ដោយពួកគាត់ទទូចឲ្យស្ថាប័នមានសមត្ថកិច្ច មេត្ដាផ្ដន្ទាទោសតាមផ្លូវច្បាប់ចំពោះជនបង្កឲ្យបានម៉ឹងម៉ាត់ ព្រោះករណីនេះមិនគួរឲ្យកើតមានទាល់តែសោះនៅក្នុងសង្គម៕