ភ្នំពេញ ៖ បើយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា កម្ពុជា បានឆ្លងសហគមន៍លើកទី០៣ ដោយលើកទី១ ថ្ងៃទី០៣ វិច្ឆិកា ទី២ ២៨ វិច្ឆិកា និងទី៣នេះ គឺព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។
នៅក្នុងកាថ្លែងសារពិសេសតាមរយៈវីដេអូ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ បានឲ្យដឹងថា អស់រយៈពេល១០ម៉ោង យើងរកឃើញសរុប ៣២ករណី នៃអ្នកវិជ្ជមានកូវីដ១៩ ។
យ៉ាងណាមិញសម្ដេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា ការរកឃើញផ្ដើមចេញពី មនុស្ស១នាក់ ជាជនជាតិចិន ដែលបានមកដាក់ពាក្យស្នើសុំទៅក្រៅប្រទេស ហើយតេស្តក៏រកឃើញវិជ្ជមានកូវីដ១៩ តែម្ដង។
ចំណែកក្លិប N08 គឺជាចំណុចចាប់ផ្ដើមផ្ទុះកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១នេះ។ នេះជាការលើកឡើងបន្ថែមពីសម្ដេចតេជោ ហ៊ុន សែន។
ដើម្បីទប់ស្កាត់ព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជា ៦ចំណុច ដូចខាងក្រោម៖
១. បិទ ក្លិប N8, អគារស្នាក់នៅជុំវិញព្រឹត្តិការណ៍នោះ (ខុនដូ) ដោយបានបិទការចេញចូល (ម្ចាស់ផ្ទះអាចចូលបានតែមិនអាចចេញបាន)។
២. ធ្វើតេស្តអ្នកនៅក្នុងតំបន់ទាំងនេះ បន្ទាប់ពីធ្វើតេស្តត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ។
៣. សត្ថកិច្ចត្រូវ ស្រាវជ្រាវ ក្លិប N8 និងអ្នកពាក់ព័ន្ធN8 ព្រមទាំងអ្នកពាក់ព័ន្ធ អ្នកជំងឺ ត្រូវស្រាវជ្រាវឲ្យឃើញ តើវាដល់ទីណា។
៤. ត្រូវធ្វើចត្តាឡីស័ក សម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ហើយក្រុមគ្រូពេទ្យ ខិតខំយកសំណាក ដើម្បីតេស្តរកមេរោគកូវីដ១៩។ “ការលំបាករបស់យើង ដើម្បីសេចក្ដីប្រជាជន”។ សម្ដេចតេជោ បន្ថែម។
៥. អំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់, អ្នកពាក់ព័ន្ធ ក្លិប N8, អ្នកពាក់ព័ន្ធនឹងអ្នកជំងឺ (អ្នកជំងឺ ៣២នាក់) ត្រូវមានស្មារតីស្ម័គ្រចិត្ត មកពិនិត្យស្វែងរកជំងឺកូវីដ១៩។
៦. អំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសរាជធានីភ្នំពេញ ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយរឹតបន្ដឹង នៅក្នុងការអនុវត្ត វិធានការ ៣ការពារ និង៣កុំ។
– ៣ការពារ, ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ និងត្រូវរក្សាគម្លាតសុវត្ថិ ១ម៉ែត្រកន្លះ។
– ៣កុំ គឺ៖ កុំទៅកន្លែងបិទជិត, កុំទៅកន្លែងមានមនុស្សច្រើនកុះករ, កុំ ប៉ះពាល់ កុំចាប់ដៃ កុំកៀកស្មា និងឱគ្នាជាដើម។ យ៉ាងណាមិញ សម្ដេចតេជោ ហ៊ុន សែន មិនចេញបញ្ជាឲ្យបិទពិធីមង្គលការនោះទេ។ ប៉ុន្ដែស្នើឲ្យអនុវត្តវិធាន ៣ការពារ និង៣កុំ។
ក្នុងនោះផងដែរសម្ដេចតេជោ សម្ដែងការហួសចិត្តថា ក្នុងពេល១ព្រិច ធ្វើឲ្យកម្ពុជាកើនឡើងតួលេខ អ្នកឆ្លងសរុបជាង ៥០០នាក់ ហើយស្ថានភាពនេះ អាចនឹងកើនឡើង នៅអំឡុងការធ្វើតេស្ត អ្នកពាក់ព័ន្ធ ៣២នាក់ ដែលត្រូវបានចាត់ទុកថា ជាការផ្ទុះសហគមន៍លើកទី៣។ យ៉ាងណាមិញកម្ពុជា មិនមានអ្នកស្លាប់ដោយសារកូវីដ១៩ នោះទេ គិតត្រឹមព្រឹកថ្ងៃទី ២០ កុម្ភៈ ២០២១៕