ក្រោយពីអង្គភាព សារព័ត៌មាន CPC NEWS បានចេញផ្សាយអត្ថបទ មួយក្រោម ចំណងជើង ថា «បែ ចិញ្ចឹមត្រី ជាច្រើន និង ផ្ទះបណ្តែតទឹក របស់ជនជាតិវៀតណាមកំពុងកើតមានយ៉ាងអនាធិបតេយ្យនៅក្រោមស្ពានព្រែកព្នៅ» កាលពីរសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ រួចមករដ្ឋបាលខណ្ឌព្រែកព្នៅបានបំភ្លឺជុំវិញបញ្ហានេះ ។
នៅយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌព្រែកព្នៅបំភ្លឺមក CPC NEWS ថានៅព្រែកព្នៅតាមមាត់ច្រាំងទន្លេចម្ងាយពីស្ពានប្រហែល១០០ម៉ែត្រខាងជើងឆ្ងាយពីស្ពានមានអ្នករស់នៅតាំងពីយូរមកហើយ។
គិតត្រឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ពុំមានបែចិញ្ចឹមត្រីនិងផ្ទះបណ្ដែតទឹករបស់ជនជាតិវៀតណាមមកពី ខេត្តកំពង់ឆ្នាំងចូលមកតាំងទីលំនៅក្នុងទីតាំងនេះទេ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៣៖៣០នាទី រដ្ឋបាលខណ្ឌបានរុញចេញ ចំនួន២ទូក-បែ។
ជាមួយគ្នានេះផងដែរ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅដឹកនាំដោយ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅបានចុះរៀបចំសណ្ដាប់ធ្នាប់ និងត្រួតពិនិត្យតាមដងទន្លេ ។ លោកអភិបាលខណ្ឌបានដាក់បញ្ជាដាច់ណាត់ត្រូវទ ប់ ស្កាត់មិនឲ្យមានការចូលមកបោះទីតាំងថ្មីក្នុងមូលដ្ឋាននេះឡើយ។
សូមបញ្ជាក់ផងដែរថារដ្ឋបាលខណ្ឌព្រែកព្នៅបានចុះធ្វើរដ្ឋបាលនិងស្រង់ស្ថិតិអ្នករស់នៅក្នុងទឹកចំនួន ២លើក រួចមកហើយ។ រដ្ឋបាលខណ្ឌគ្រប់គ្រងបាននូវចំនួនទូកដែលរស់នៅចាស់ និងមិនឲ្យមានអ្នកចូលមករស់នៅថ្មីឡើយ។
រដ្ឋបាលខណ្ឌព្រែកព្នៅសូមអរគុណចំពោះការចូលរួមសហការពីអ្នកសារព័ត៌មានក្នុងការផ្ដល់ព័ត៌មានអំពីបែបចិញ្ចឹមត្រីនេះដើម្បីរួមគ្នាការពារនិងទប់ស្កាត់កុំឱ្យមានការហូរចូលមកតាំងទីលំនៅថ្មីក្នុងទីតាំងខាងលើនេះឡើយ ។